ភ្នំពេញ ៖ មានរថយន្ដស៊េរីទំនើប ចំនួន២គ្រឿង ពាក់ស្លាកលេខ «នគរបាល 2-1912» ដូចគ្នា បានធ្វើ ឲ្យមហាជនមានការងើយឆ្ងលយ៉ាងខ្លាំង ចំពោះរថយន្ដទាំង២គ្រឿងនេះ ដោយចោទសួរមន្ដ្រីជំនាញថា តើរថយន្ដមួយណា ជាស្លាកលេខក្លែងក្លាយ?

នេះបើយោងគេហទំព័រហ្វេសប៊ុកឈ្មោះ Seng Sothy បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «សូមនាយកដ្ឋានសណ្ដាប់ធ្នាប់របស់ក្រសួងមហាផ្ទៃ មេត្តាពិនិត្យថា តើឡានមួយណា ពាក់លេខក្លែង ក្លាយ?»។

សូមជម្រាបថា នាពេលកន្លងមកនេះ ក៏មានរថយន្តទំនើបថ្លៃកប់ពពក ចំនួន២គ្រឿង គឺរថយន្ដ Rolls-Royce និងMercedes បានពាក់ស្លាកលេខ «នគរបាល 2-7715» ដូចគ្នា គឺជាស្លាកលេខក្លែងក្លាយ។

សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ» កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានអះអាងថា បច្ចុប្បន្នរថយន្តពាក់ស្លាកលេខ ន.ប ឬហៅថា នរគបាល នៅទូទាំងប្រទេសកម្ពុជា ស្របច្បាប់ដែលបានអនុញ្ញាត និងទទួលស្គាល់ពីក្រសួងមហាផ្ទៃមានសរុប ចំនួន៤៧៥គ្រឿង ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ