ឆមាសទី១ ឆ្នាំ២០២២ រកឃើញរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ជាង ១ពាន់គ្រឿង និងពិន័យទឹកប្រាក់ ២,៨ពាន់លានរៀល
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ រកឃើញរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង និងពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។
ក្នុងចំណោម រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង បានផាកពិន័យនោះ រថយន្តចំនួន ២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទទួលបានលទ្ធផល ដូចតទៅ ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះមានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល»។
ប្រភពដដែល បានបន្ដថា ការដឹកលើសទម្ងន់កម្រិតកំណត់ជាកត្តាចម្បងធ្វើឲ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរ៕EB