លោក ផៃ ស៊ីផាន ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើងមិនមែន កៀរគរមកឲ្យគាំទ្រ គណបក្សប្រជាជនកម្ពុជាឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើងក្នុងទិសដៅនយោបាយ គឺមិនមែនជាការកៀរគរ ឲ្យមកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឡើយ ។
លោក ផៃ ស៊ីផាន លើកឡើងបែបនេះ ក្រោយពីមានក្រុមប្រឆាំងមួយចំនួន តែងតែងលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើង ដើម្បីគាំទ្រគណបក្ស ប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបាន បង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយ ចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយ ចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតឡើងក្នុងទិសដៅនយោបាយនោះ គឺមិនមែនជាការកៀរគរគណបក្សនយោបាយ នៅក្រៅសភា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជានោះឡើយ ក៏ប៉ុន្តែជាកិច្ចបង្កើតបាននូវវេទិកាប្រាស្រ័យទាក់ទងគ្នាជា ភាតរភាព ជាមួយនិងការពង្រឹងពង្រីកភាពជាដៃគូ និងការយោគយល់អធ្យាស្រ័យ ក្នុងកិច្ចរួមគ្នា ដើម្បីកសាង និងរក្សានូវឯកភាពជាតិឲ្យបានរឹងមាំបន្ថែមទៀត»។
លោកបន្ដថា នេះជាវប្បធម៌ថ្មីមួយ និងជាប្រវត្តិសាស្រ្ត របស់កម្ពុជាដែលបង្កើតដោយសម្តេចតេជោ ។វេទិកា នេះ ជាយន្តការនៃកិច្ចអនុវត្តវប្បធម៌សន្ទនាសម្រាប់សន្តិភាព និងស្ថេរភាពនយោបាយដែលជាផល ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ នេះជាសសរស្ដម្ភមួយក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងអនុវត្ត។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕EB