(មានវីដេអូ) ខេម ឆ្លើយតបវិញថា ឆ្កែមួយក្បាលនេះ សុំលាឈប់ពីផលិតកម្ម ដោយត្រឹមត្រូវ
ភ្នំពេញ ៖ លោក ប៉ុន សុណារិន ហៅ ខេម បានឆ្លើយតបទៅនឹងផលិតកម្ម ទីក្រុងភាពយន្ដ ហៅ ថោន ថា លោកសុំលាឈប់ពីផលិតកម្មថោន ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ ព្រោះគិតថា ផុតកុងត្រា ហើយ ខណៈលោកគំរាមថា «មេចង់ឲ្យខ្ញុំបង្ហាញភ័ស្តតាង តាមហ្វេសបុក?»។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ផលិតកម្មថោន បានចេញសេចក្តីជូនដំណឹង ឲ្យ ខេម តារាចម្រៀងប្រចាំផលិតកម្មថោន ចូលខ្លួនមកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យា ជាមួយ ផលិតកម្ម នៅថ្ងៃទី២៥ សីហា ជាកំហិត ។ក្រោយឃើញតារាចម្រៀងរូបនេះ ចេញទៅច្រៀងនៅផលិត កម្មផ្សេងៗ ដោយខ្លួនឯងកំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មថោន។បើតាមកិច្ចសន្យាការងាររវាង ផលិតកម្មថោន ជាមួយ ខេម នឹងចប់គ្នានៅចុង ខែធ្នូ ឆ្នាំ២០២០។
ក្រោយពីផលិតកម្មថោន ចេញសេចក្ដីជូនដំណឹងបែបនេះ លោក ខេម បានឆ្លើយតប នៅក្នុងហ្វេស ប៊ុកផ្ទាល់ខ្លួនថា (ខាងក្រោមនេះ ជាខ្លឹមសាររបស់ ខេម ទាំងស្រុង)។
អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះ បម្រើម្ចាស់មិន ដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ។ គ្រាន់តែឃើញលិខិតមួយ ដែលមេ បង្ហោះជាសាធារណៈថា ឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះ បំពានកុងត្រានោះ គឺពិតជាភ្ញាក់ផ្អើល ហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះ មិនដែលមានបំណងឡើយ ហើយឆ្កែមួយក្បាលនេះ គឺសុំលាឈប់ ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ ព្រោះគិតថា ផុតកុងត្រាហើយ។
តែមេថា នៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើក ហើយថា បើនៅនឹង នៅច្រៀងទៀត តែមេ គេចវេសរុញទៅអ្នកនេះ អ្នកនោះមិនឲ្យមើល (ឬមេចង់ឲ្យខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ?) ខ្ញុំមិននឹកស្មានថា មេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុ ក្រុងភ្នំពេញ មានលុយរាប់ សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់ បែរមានគំនិតចង់បំផ្លាញ ឆ្កែមួយក្បាល ដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុន ដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថា មេស្រលាញ់ពួកគេនោះ ក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះ ប្រឹងព្រុសឲ្យម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងឲ្យក៏ដោយ ក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត។
មេអើយ មេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ ដែលមេផ្ដល់ឲ្យគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះ មេមិនដែលខ្វល់ទេចង់ឲ្យព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិត និងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថា ឆ្កែអនាថាមួយក្បាលនេះ ដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ?
បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះ ខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថា ខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ មែប្រាប់ថា គ្មានការជួបណាដែលមិនបែកនោះ ទេកូនត្រូវស្ងប់ស្ងាត់ មែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ។
មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ។
មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះ បានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក៕