ភ្នំពេញ ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងថ កម្ពុជាស្ថិតនៅទី កណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃ ចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ។
យោងតាមគេហទំព័រហ្វេប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃទី២១ សីហា នេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីលោកបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។
លោក មានប្រសាសន៍ថា «ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមាន ភាពកាន់តែស៊ីជម្រៅថែមទៀត»។
បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លើកឡើងថា សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក។រដ្ឋមន្រ្តីការបរទេសជប៉ុនក៏បានកោតសរសើរ ដល់កម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន។
ជាងនេះទៅទៀត លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ថា ជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិ ជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះ កម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម)នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
សូមរំលឹកថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាបពីថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ៕EB