ភ្នំពេញ ៖ ក្រុមការងារតាមដានអំពី ការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ បានចំនួន៣៦ករណី និងកំពុងដោះស្រាយ ចំនួន៣៨៥ ករណី។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ គោរពជូន សម្ដេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះ ។

ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកហ្វេសប៊ុក នាថ្ងៃទី១០ មីនា ថា «ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ» ។

សម្ដេច បន្ដថា លទ្ធផលនៃរបាយការណ៍បានបង្ហាញពីការខិតខំប្រឹងប្រែង និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ សម្ដេច។

សម្ដេច ក៏បានថ្លែងអំណរគុណព្រមទាំង និងលើកទឹកចិត្ត ចំពោះជនរួមជាតិទាំងអស់ ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេច ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិបន្តទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ