ភ្នំពេញ ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ នៅកាន់ប្រទេសចិន ដោយផ្ទាល់ជាលើកដំបូង នាចុងឆ្នាំ២០២០នេះ។

លោក ងិន ឆាយ បញ្ជាក់ថា នៅចុងខែ១១ ឬខែ១២ ឆ្នាំ២០២០នេះ នៅពេលកម្ពុជា បានរៀបចំឧបករណ៍ និងកន្លែងសម្លាប់មេរោគផ្លែស្វាយរួចរាល់ នឹងអាចនាំចេញ ទៅកាន់ប្រទេសចិនបាន។

លោកបន្ដថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែនៅក្នុងដំណាក់កាលមួយ ធ្វើការសាងសង់កន្លែងសម្លាប់មេរោគ (ពងរុយ) ដែលបំផ្លាញមកលើផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬដោយប្រើទឹកក្ដៅ ដោយមានក្រុមហ៊ុន ៦-៧ កំពុងចាប់ផ្ដើមសាងសង់។

លោកបានថ្លែងថា «នៅពេលដែលយើងមានផ្លែស្វាយ ហើយដំឡើងឧបករណ៍ និងទីតាំងសម្លាប់មេរោគរួចរាល់ យើងនឹងអញ្ជើញភាគីចិន មកពិនិត្យជាចុងក្រោយ ដើម្បីពិនិត្យថា ត្រូវទៅតាមស្ដង់ដារហើយឬនៅ ហើយការអនុញ្ញាតជាក់ស្ដែង មានលទ្ធភាព១០០ភាគរយឬអត់»។

លោកបន្ថែមថា «នៅចុងខែ១១ ឬខែ១២ នឹងរួចរាល់...បើសិនជាផ្លែមានគុណភាពល្អ ហើយឧបករណ៍សម្លាប់មេរោគ រួចរាល់ នឹងអាចនាំចេញទៅកាន់ប្រទេសចិនបាន»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន កាលពីកំឡុង ខែមិថុនា ឆ្នាំ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ