ធនាគារពិភពលោក ថា ការប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុក នឹងធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មានពីមុនមក
ភ្នំពេញ ៖ ធនាគារពិភពលោក ព្យាករណ៍ថា ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវ បានរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងខ្លាំងប្រមាណជា២០ភាគរយ នៅឆ្នាំ២០២០ ដោយសារ វិបត្តិបណ្តាលមកពីការរាលដាលជំងឺ កូវីដ-១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចសឹងតែគ្រប់ ផ្នែកទាំងអស់។
យោងតាមការចេញផ្សាយរបស់ ធនាគារពិភពលោក នាពេលថ្មីៗនេះថា «មូលហេតុនាំឲ្យមានការធ្លាក់ចុះ ក្នុងសភាព យ៉ាងគំហុក មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃ ចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយ បាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង»។
ធនាគារពិភពលោក បន្ដថា រំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម (LMICs) ត្រូវបានព្យាករណ៍ទុកថា នឹងស្រុតចុះប្រហែល១៩,៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ប៊ីលានដុល្លារ ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់គ្រួសារងាយរងគ្រោះ។ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាក ស្រុក បានជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាប និងមធ្យម ធ្វើឲ្យ អាហារូបត្ថម្ភមានភាពប្រសើរឡើង រួមចំណែកបង្កើនការចំណាយ ទៅលើវិស័យអប់រំ និងជួយ កាត់បន្ថយពលកម្មកុមារ នៅតាមគ្រួសារទីទ័លក្រ។
ធនាគារពិភពលោក បញ្ជាក់ថា កាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានា ទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ ត្រូវបង្វែរធនធានហិរញ្ញវត្ថុកាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅជាមុនសិន។
លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា « ការផ្ញើប្រាក់មកពី ក្រៅជាប្រភពចំណូលដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះបង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀតដែល យើងត្រូវខិតខំធ្វើ យ៉ាងណាឲ្យសេដ្ឋកិច្ចនៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ»។
លោកបន្ដថា ប្រាក់ផ្ញើពីក្រៅជួយដល់ក្រុមគ្រួសារ ក្នុងការចាយវាយលើស្បៀងអាហារ លើការ ថែទាំសុខភាព និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។ ក្នុងខណៈដែលក្រុម ធនាគារពិភពលោក អនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយ ដើម្បីជួយ ដល់ប្រទេសដែលជួបការលំបាក កំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរ ប្រាក់ចេញឲ្យនៅដំណើរ ការដដែល និងជួយសហគមន៍ក្រីក្រឲ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់ បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។
ជាងនេះទៅទៀត ប្រធានធនាគារពិភពលោក បានលើកឡើងថា ធនាគារពិភពលោកកំពុង តែជួយដល់ប្រទេសដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញតាមរយៈបណ្តាញនានា ទៅលើថ្លៃចំណាយ និងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុកនិងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ៕ E B