ណៃរ៉ូប៊ី៖ ធនាគារពិភពលោកបាននិយាយ ខ្លួនបានផ្អាកការផ្តល់មូលនិធិសម្រាប់គម្រោងទេសចរណ៍ និងការអភិរក្សនៅក្នុងប្រទេសតង់ហ្សានី បន្ទាប់ពីមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP នៅថ្ងៃទី២៤ មេសា ២០២៤។

ធនាគារពិភពលោកបានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានធម្មជាតិមានទឹកប្រាក់ទំហំ ១៥០លានដុល្លារសម្រាប់កំណើន និងវិស័យទេសចរណ៍ (REGROW) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានធម្មជាតិ និងទ្រព្យសម្បត្តិទេសចរណ៍នៅភាគខាងត្បូងប្រទេសតង់ហ្សានី។

ប៉ុន្តែវិទ្យាស្ថាន Oakland ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងពីការចោទប្រកាន់កាលពីឆ្នាំមុន អំពីការបណ្តេញចេញដោយបង្ខំ និងការរំលោភសិទ្ធិ ប្រឆាំងនឹងសហគមន៍ដែលរស់នៅក្បែរឧទ្យានជាតិ Ruaha ដែលរដ្ឋាភិបាលគ្រោងនឹងពង្រីកជាផ្នែកមួយនៃគម្រោងនេះ។

ធនាគារពិភពលោកបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ពីការរំលោភបំពាន និងភាពអយុត្តិធម៌ដែលទាក់ទងនឹងគម្រោង REGROW នេះ។

វិទ្យាស្ថាន Oakland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះបានប៉ះពាល់ដល់អ្នកភូមិរាប់ម៉ឺននាក់នៅក្នុងប្រទេសតង់ហ្សានី ហើយថា ការផ្តល់មូលនិធិរបស់ធនាគារពិភពលោកបានត្រួសត្រាយផ្លូវ សម្រាប់ការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ប្រឆាំងនឹងសហគមន៍ដែលរស់នៅក្បែរឧទ្យានជាតិ Ruaha។

វិទ្យាស្ថាន Oakland បន្ថែមថា ខ្លួនបានរាយការណ៍កាលពីឆ្នាំមុនថា រដ្ឋាភិបាលតង់ហ្សានី គ្រោងនឹងបណ្តេញចេញមនុស្សជាង ២០,០០០នាក់ ដើម្បីពង្រីកឧទ្យាននេះ ហើយថា ខ្លួនបានចងក្រងជាឯកសារ អំពីអំពើហិង្សា និងការរឹបអូសយកគោក្របីដោយក្រុមអនុរក្សសត្វព្រៃ។

គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងកើតមានភាពល្បីល្បាញ ដោយសារតែសួនសត្វព្រៃដ៏អស្ចារ្យដូចជា Serengeti និងភ្នំខ្ពស់បំផុតនៅទ្វីបអាហ្វ្រិក Kilimanjaro និងកោះមហាសមុទ្រឥណ្ឌា រួមទាំង Zanzibar ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ