កាស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុសម្រេចបាន ៩០%
ភ្នំពេញ ៖ យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ រយៈពេល៦ខែ គិតចាប់ពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បង្ហាញថា គម្រោងទាំងមូលសម្រេចបានការស្ថាបនា គិតទាំងការងារគ្រឹះផ្លូវ បានប្រមាណ ៩០.៦០ % ដែលលឿនជាងផែនការប្រមាណ ៤.៥% ដែលមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង និងការរៀបចំកម្រាលប្រើថ្មក្រានីតនោះទេ។
តាមរយៈរបាយការណ៍របស់លោក លី រស្មី ប្រធានក្រុមការងារបច្ចេកទេសផ្លូវថ្នល់ខេត្តព្រះសីហនុ ដែលរាយការណឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ បានបញ្ជាក់នូវវឌ្ឍនភាពលើការងារសំខាន់ៗចំនួន ២ រួមមាន ការងារដាក់លូ និងការងារចាក់បេតុង។
សម្រាប់ការដាក់លូ ដែលអនុវត្តចាប់ផ្ដើមនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានរយៈពេល ១៣៤ថ្ងៃ ដោយបានសម្រេចកិច្ចការងារជាក់ស្ដែងយក ៩១.៥៦% លឿនជាងផែនការ ០.៥៤% ហើយអាចនឹងបញ្ចប់ក្នុងរយៈពេល ១១ ថ្ងៃខាងមុខ គឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
ដោយឡែកសម្រាប់ការចាក់បេតុង ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ គិតមកដល់មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានរយៈពេល ១១៦ថ្ងៃ ដោយបានសម្រេចកិច្ចការងារជាក់ស្ដែង ៨៦.៤៤% លឿនជាងផែនការ ៨.១៣% ហើយអាចនឹងបញ្ចប់ក្នុងរយៈពេល ១៥ថ្ងៃខាងមុខ ពោលគឺថ្ងៃទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
សូមរំលឹកថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុមានប្រវែងសរុប ៨២.១៤៥គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា ៕ E B