រាជរដ្ឋាភិបាល អំពាវនាវឲ្យក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្ត សហការជាមួយអាជ្ញាធរកំណត់ឲ្យច្បាស់លាស់នូវគ្រួសារក្រីក្រ ដើម្បីទទួលបណ្ណសមធម៌
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមការងារចុះមូលដ្ឋាន រាជធានី-ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន រក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី នូវប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួននៅពេលអាជ្ញាធរ ភូមិ ឃុំ សង្កាត់ សម្រេចជ្រើសរើសបញ្ជូលក្នុងទិន្ន ន័យគ្រួសារក្រីក្រនិងទទួលបណ្ណសមធម៌សម្រាប់ទទួលការឧបត្ថម្ភសាច់ប្រាក់។
យោងតាមសេចក្ដីជម្រាបជូនរបស់ រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ត គ្រប់លំ ដាប់ថ្នាក់ដែលបានខិតខំធ្វើសកម្មភាពតាមតួនាទីនិងភារកិច្ច ដើម្បីគាំទ្រនិងជំរុញការអនុវត្ត សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រាជរដ្ឋាភិបាល រួមចំណែក ក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងការបន្ដទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំនិងអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្ដរាគមន៍ជាបន្ទាន់ដល់ប្រជាជន កម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រនិងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ។
រាជរដ្ឋាភិបាល បានសម្រេចជាគោការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលនិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រដោយសារជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានដាក់ចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្ដការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះមានភារកិច្ចដ៏សំខាន់មួយ គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រក្រុមជនងាយរងគ្រោះ និងក្រុមជនដែល ត្រូវការការគាំពារជាចាំបាច់ផ្សេងទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ។
លើកមូលដ្ឋាននេះ ក្រសួងផែនការ បានរៀបចំក្របខ័ណ្ឌ និងយន្ដការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជាគ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រគ្រួសារខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រនិងការកែសម្រួលទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់និងដកចេញគ្រួសារដែលមានជីវភាពលេចធ្ល គ្រួសារដែលមានសមាជិកស្លាប់។កិច្ចការគាំទ្រនេះនឹងត្រូវមានការចូលរួមនិងសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវ សម្រេចធ្វើឲ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទនិងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០។
ដើម្បីធានាសម្រេចឲ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ខាងលើជាពិសេសជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ លើដំណើរការកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ រាជរដ្ឋាភិបាល អំពាវនាវឲ្យ ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត សហកាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សា បានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេល ដែលអាជ្ញាធរ ភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើសរើសបញ្ជូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តនាពេលខាងមុខឆាប់ៗនេះ។
រាជរដ្ឋាភិបាល បានឲ្យដឹងថាដំណើរការរលូននិងលទ្ធផលនៃការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម៕E B