មាគ៌ាឬគោលធម៌ ដែលត្រួសត្រាយផ្លូវនាំឲ្យកើតសាមគ្គីភាពទាំង៦ យ៉ាង
មាគ៌ាឬគោលធម៌ ដែលត្រួសត្រាយផ្លូវនាំឲ្យកើតសាមគ្គីភាពនោះ មាន ៦យ៉ាងគឺ៖
១. ចិត្តប្រកបដោយមេត្តា៖ បានដល់ ការគិតល្អ សម្លឹងមើលគ្នាក្នុងផ្លូវល្អ មានចេតនាល្អ និងបំណងល្អចំពោះគ្នា ស្រឡាញ់រាប់អានគ្នា គិតជួយស្ថាបនាគ្នា ដោយមិនច្រណែនឫស្យាដាក់គ្នា មិនគិតដោយអគតិចំពោះគ្នា មិនគិតព្យាបាទគ្នា មិនខឹងគ្នា ចេះឲ្យឱកាសនិងអភ័យទោសចំពោះគ្នា។
២. ការពោលពាក្យប្រកបដោយមេត្តា៖ បានដល់ ការនិយាយល្អចំពោះគ្នា និយាយគ្នាដោយសេចក្តីស្រឡាញ់រាប់អាន ចេះប្រើសំដីឲ្យកម្លាំងចិត្តគ្នាក្នុងគ្រាដែលអ្នកដទៃ ជួបសេចក្តីទុក្ខលំបាក និយាយណែនាំក្នុងផ្លូវល្អ និងមានប្រយោជន៍ តែមិនត្រូវនិយាយជាន់ពន្លិចបន្ថែម និងមិននិយាយដើមពីក្រោយខ្នង ឬមិនកុហកបោកប្រាស់។
៣. ការប្រព្រឹត្តប្រកបដោយមេត្តា៖ បានដល់ ការធ្វើល្អចំពោះគ្នា ជ្រោមជ្រែងគ្នាខាងកម្លាំងទ្រព្យ ឬកម្លាំងកាយ មានសេចក្តីឱនលំទោនចំពោះគ្នា ចេះគោរពគ្នា ធ្វើល្អចំពោះគ្នារហូត ដោយមិនត្រូវបៀតបៀនគ្នា និងមិនធ្វើបាបគ្នា។
៤. ការចែករំលែក៖ បានដល់ ការចែករំលែកភោគផលដល់គ្នាដោយយុត្តិធម៌ មានសេចក្តីស្មើភាពគ្នា អើពើគ្នាជានិច្ច ជួយអនុគ្រោះគ្នា ដោយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងមិនយកប្រៀបគ្នា។
៥. ការគោរពច្បាប់ និងសិទ្ធិសេរីភាពអ្នកដទៃ៖ បានដល់ ការបដិបត្តិតាមច្បាប់របស់រដ្ឋ បទបញ្ជា ឬ បទវិន័យផ្សេងៗរបស់ស្ថាប័ន និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប។
៦. ការបង្រួបបង្រួមទស្សនៈ៖ បានដល់ ការយល់ឃើញស្របគ្នា គិតក្នុងគោលដៅដូចគ្នា សម្រួលគំនិតឲ្យត្រូវគ្នា ស្វែងរកចំណុចរួម និងរក្សាទុកចំណុចផ្សេងរបស់គ្នានិងគ្នា ដោយមិនគួរប្រកាន់ខ្ជាប់តែការយល់ឃើញរបស់ខ្លួនជាធំ តែត្រូវចេះស្តាប់មតិយោបល់របស់អ្នកដទៃ។
គោលធម៌ទាំង ៦យ៉ាងនេះ ជួយសាងសាមគ្គីភាពនិងស្ថេរភាពឲ្យកើតឡើងក្នុងសង្គម ដែលជាហេតុនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពទាំងពួង។