បើយោងតាមប្រភពCNCC បានអោយដឹងថាក្លិបបាល់ទាត់អង្គរថាយហ្គឺរបានជ្រើសរើសយកខែឧសភា, មិថុនា និងកក្កដា ឆ្នាំ២០២០នេះជារយៈពេលពិសេសសម្រាប់កម្មវិធីចែកអង្ករដល់៤០០គ្រួសារដែលមានភាពទីទ័លនៅខេត្តសៀមរាបក្នុងគោលបំណងសម្រួលជីវភាពអំឡុងការផ្ទុះបញ្ហាជំងឺ COVID 19។

លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរពន្យល់ថា ដោយសារតែក្រុមរបស់លោកមានមូលដ្ឋាននៅខេត្តសៀមរាប ហើយក៏ជាទឹកដីប្រកបដោយមោទកភាពសម្រាប់កម្ពុជា ដូច្នេះថ្នាក់ដឹកនាំក្លិបដែលមានលោក Akihiro Kato ជាប្រធានចង់ជួយសម្រាលបន្ទុលប្រជាពលរដ្ឋនៅទីនោះ។

ដោយឡែកសម្រាប់កម្មវិធីចែកនៅខែឧសភានេះមានចំនួន០៣ថ្ងៃ គឺថ្ងៃទី ១៤, ១៥ និង១៦ ចាប់ពីម៉ោង០៩ដល់ម៉ោង១១ព្រឹក ដោយមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម។ចំពោះការចែកអង្ករនេះ គឺធ្វើឡើងម្ដង៤០០គ្រួសារ ដូច្នេះសរុបទាំង០៣ខែ គឺ១២០០គ្រួសារ។

យ៉ាងណាមិញ លោក Yusuke Shinoda ពន្យល់ “៖សៀមរាបជាតំបន់ទេសចរណ៍ដ៏ពិសេសលើពិភពលោក និងបានផ្ដល់កិត្តិយសដល់ជនជាតិខ្មែរទាំងអស់។ បច្ចុប្បន្ននេះដោយសារជំងឺ COVID 19 សៀមរាបបានរងផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសដល់ចំណូលប្រជាពលរដ្ឋ។ ឮអង្គរថាយហ្គឺរ គឺមានមូលដ្ឋាននៅសៀមរាបផ្ទាល់តែម្ដង ហើយបេសកកម្មរបស់យើងគឺផ្ដល់សង្ឃឹម និងក្ដីស្រមៃតាមរយៈក្លិបរបស់យើង ក៏ដូចជាកីឡាបាល់ទាត់។ យើងក៏បានចូលរួមប្រកួតថ្នាក់ជាតិតាំងពីឆ្នាំ២០១៥ ដោយសារតែមានការគាំទ្រពីអ្នកគាំទ្រទាំងឡាយ។ មិនតែប៉ុណ្ណោះក្រោយពីផ្លាស់មកកាន់ខេត្តសៀមរាប យើងទទួលបានពានកិត្តិយសសម្រាប់ក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេដល់ទៅពីរដង ហើយពួកគេក៏បានផ្ដល់កម្លាំងចិត្តដល់យើងជាហូរហែ។ ដូច្នេះនេះជាពេលដែលយើងត្រូវជួយពួកគេវិញ ពេលកំពុងជួយការលំបាកបែបនេះ។ ដោយសារតែមនោសញ្ចេតនាបែបនេះទើបលោកប្រធានក្លិបរបស់យើងសម្រេចរៀបចំកម្មវិធីនេះឡើង ហើយម្ចាស់ឧបត្ថម្ភរបស់យើងក៏បានចូលរួមផងដែរ។”

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ ដែលត្រូវបានផ្អាកដោយសារការរីករាលដាលជំងឺ COVID 19 តាំងពីពាក់កណ្ដាលខែមីនា មកនោះ មិនទាន់ដំណើរការឡើងវិញនៅឡើយទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ