នៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបាននិងកំពុងដំណើរការសាងសង់បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់រយៈពេល ២ខែទៀត គឺនៅក្នុងអំឡុង ខែសីហា ខាងមុខនេះផងដែរ ប្រសិនបើអាកាសធាតុមានអំណោយផលល្អ ។

នៅក្នុងដំណើរចុះពិនិត្យនោះដែរ លោក ងួន រតនៈ បានពិនិត្យអំពីលក្ខណៈបច្ចេក ទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។ ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយនឹងស្ពានថ្មចាស់ ដែលប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាលជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្ធនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម ។

សូមជម្រាបជូនផងដែរថា ស្ពានថ្មថ្មីដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះមានរចនាបថដូចគ្នាទៅនឹងស្ពានថ្មចាស់ ដែលមានបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ ៕S

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ