អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ដែលមានបណ្តោយប្រវែង១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៧៥% ហើយ។

គម្រោងស្ពាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុបនិងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។

គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវតភ្ជាប់សងខាង ស្ពាន។ ស្ពាននេះមានប្រវែងសរុប ១១៣១ ម និង ទទឹង១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក គ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ