ម៉ាឡេស៊ី ថា ដំណើរការកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវតែបន្ត ហើយម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានានូវការអនុវត្តបន្ត
គូឡាឡាំពួ ៖ ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោក Mohamad Nizam Jaffar នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បាននិយាយថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការបន្តអនុវត្តតាម កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។
តាមលោក Nizam Jaffar ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងគ្នាទាំង២ ម៉ាឡេស៊ីរក្សាគោលជំហររបស់ខ្លួនក្នុងការត្រួតពិនិត្យដំណើរការសន្តិភាព និងបទឈប់បាញ់ ឆ្ពោះទៅមុខតាមការគ្រោងទុក។ «គោលដៅចម្បង គឺដើម្បីធានាថាកិច្ចព្រមព្រៀងសន្តិភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃអាចត្រូវបានសម្រេចបាន។ នេះជាការទទួលខុសត្រូវរបស់យើងជាផ្នែកមួយ នៃអាស៊ានដើម្បីជួយ និងធានាថាសន្តិភាពត្រូវបានថែរក្សា»។ នេះជាការគូសបញ្ជាក់របស់លោក Nizam Jaffar។
លោកបន្ថែមថា គោលជំហររបស់ម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពនឹងបន្តដំណើរការទៅមុខដោយមិនមានការរំខាន ជាមួយការសង្កត់ធ្ងន់ថា ការរំខានណាមួយអាចនឹងបង្កហានិភ័យនៃការវិលត្រឡប់ទៅរក ភាពតានតឹងជាថ្មីរវាងប្រទេសទាំង២៕
