សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគម បានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ លោក ប្រធាន ក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ, លោក ប្រធានសមាគមក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។
សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ជូនលោកប្រធានសមាគម និងគណៈប្រតិភូធុរជន ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជា។
ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រើនប្រទេសកម្ពុជា និយាយជារួម, សម្ដេចបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដើម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង៕


