តាមពិតទៅមុនក្លាយខ្លួនជាអ្នកចាំទីដូចបច្ចុប្បន្ន ឈិន ឆៃនុត ធ្លាប់ធ្វើជាខ្សែប្រយុទ្ធពេលលេងបាល់តាមទីសាធារណៈជាមួយមិត្តភក្ដិ និងចាស់ទុំជិតខាង ព្រោះតួនាទីនេះអាចផ្ដល់ឱកាសទាត់ និងរកគ្រាប់បាល់បញ្ចូលទីច្រើនជាងការបានត្រឹមឈរការពារទី។នេះបើយោងតាមប្រភពCNCC
តែថ្ងៃមួយអំឡុងលេងជាមួយពូៗ និងអ៊ំម្ដុំផ្ទះ សមាជិកសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្ដូរទៅចាប់បាល់វិញ ជំនួសអ្នកចាំទីរាល់ដងដែលមានរបួស ។ ចាប់ពីនោះមក គេក៏ត្រូវបានលើកទឹកចិត្តឲ្យចាប់បាល់រហូតដល់ពេលចូលហ្វឹកហាត់ជាលក្ខណៈអាជីព។
ដោយឡែក ឈិន ឆៃនុត រំឭក ដំបូងឡើយនៅក្មេងៗចង់ឡើងទាត់ ព្រោះមានឱកាសលេងបាល់បានច្រើន។ រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ អីប៉ាហៅទៅលេងជាមួយក្រុមចាស់ៗគ្នាគាត់ ពេលនោះអ្នកចាំទីរបួស អ៊ីចឹងអត់មានអ្នកណាចាំ ខ្ញុំក៏សម្រេចចិត្តចាំទីទៅ។ ចាប់ពីហ្នុងមក អ៊ំចាស់ៗ និងរៀមច្បងគាត់ឃើញមានសមត្ថភាព ក៏លើកទឹកចិត្តឲ្យសាកល្បងដល់សព្វថ្ងៃ។”
យ៉ាងណាមិញ ប្រៀបធៀបតួនាទីទាំងពីរនៅលើទីលាន កីឡាករជានិស្សិតស្ថាបត្យកម្មដដែលយល់ឃើញថា ការលេងជាអ្នកចាំទីហាក់មានសម្ពាធខ្លាំងជាង ព្រោះត្រូវគ្រប់គ្រងមិត្តរួមក្រុម និងជាអ្នកចុងក្រោយគេដែលអាចមើលឃើញគ្រប់ស្ថានការណ៍។ មិនតែប៉ុណ្ណោះ អ្នកចាំទីក៏ជាអ្នកសម្រេចចិត្ត និងចូលរួមលើកទឹកចិត្តក្រុមដែរ។
គួរដឹងដែរថា ឈិន ឆៃនុត ផ្ដើមហ្វឹកហាត់បាល់ទាត់ជាលក្ខណៈអាជីពក្នុងឆ្នាំ២០១៣ នៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (កាលណោះក្លិបក្រសួងការពារជាតិ) មុនប្ដូរទៅព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៦ និងភ្នំពេញក្រោន ឆ្នាំ២០១៨។ គេកំពុងលេងនៅ Tiffy Army សាជាថ្មីលើលក្ខខណ្ឌខ្ចីពីររដូវកាលពីកីឡដ្ឋាន Smart RSN៕RT