ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ កម្ពុជាកំពុងបង្កើនការពង្រឹងការចេ ញចូលតាមច្រកព្រលានយន្តហោះអន្តរជាតិទាំង៣ ព្រមទាំងផ្លូវទឹក និងផ្លូវគោក
នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងសុខាភិបាលនៅតែបន្ត និងបង្កើនការពង្រឹងការចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតែបន្តពង្រឹងការអនុវត្តវិធានការនានា ដើម្បីការពារការនាំចូលនូវជំងឺកូវីដ១៩ បើទោះជាមកទល់ពេលនេះ កម្ពុជាយើងពុំមានករណីឆ្លងថ្មីក៏ដោយ ជាពិសេសគឺបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបានដាក់ចេញនូវវិធាននការមួយចំនួន ក្នុងការការពារការនាំចូលជំងឺនេះ ដូចជា ទី១ រាល់អ្នកដំណើរទាំងអស់ត្រូវតែមានលិខិតបញ្ជាក់ថា ពួកគាត់ពុំមានជំងឺកូវីដ១៩ ចំនួន៧២ម៉ោង ទី២ សម្រាប់ជនបរទេសគឺត្រូវមានធានារ៉ាប់រងចំនួន០៥ម៉ឺនដុល្លារ ទី៣ គឺត្រូវបំពេញនូវទម្រង់ប្រកាសព័ត៌មានឱ្យបានពិតប្រាកដ និងតម្រូវនៃការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ នៅកន្លែងស្នាក់នៅ ដោយមិនអនុញ្ញាតឱ្យធ្វើដំណើរទៅទីណាបាននោះទេ ។
ចំពោះអ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសកម្ពុជាតាមច្រកទាំង០៣នោះ ក្រុមមន្ត្រីសុខាភិបាលរបស់យើង ក៏បានចែកនូវប័ណ្ណសុខភាព ដែលតម្រូវឱ្យពួកគាត់ត្រូវអនុវត្តតាមសេចក្តីណែនាំផ្សេងៗ ដែលមានចែងនៅក្នុងនោះ ដូចជាវិធីតាមដានសុខភាពក្នុងអំឡុងពេលធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃនោះ។”ក្រសួងសុខាភិបាល ក៏កំពុងតែបង្កើនអនុវត្តវិធានស្ទង់កម្ដៅដែលពីមុន គឺមានការវាស់ស្ទង់កម្ដៅតាមរយៈម៉ាស៊ីនដែលបានដាក់នៅតាមច្រកសំខាន់ៗ និងវិធីវាស់ស្ទង់ដោយដៃ សម្រាប់តែការចូលមកប្រទេសប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះសម្រាប់ការចេញទៅក្រៅប្រទេសក៏តម្រូវឱ្យមានការវាស់ស្ទង់កម្ដៅផងដែរ។
ក្រសួងសុខាភិបាល អំពាវនាវ និងក្រើនរម្លឹក ដល់ពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានការការពារការចម្លងឱ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែឥរិយាបទនៃការរស់នៅរបស់ខ្លួនឱ្យស្រប ដូចជាការប្រកាន់យកនូវអនាម័យដៃស្អាត ពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និង គម្លាតសុវត្ថិភាព បើទោះជាជាងមួយខែមកហើយដែលកម្ពុជាពុំមានរកឃើញករណីឆ្លងថ្មី៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ