កម្លាំងយោធាឥណ្ឌា២០នាក់បានស្លាប់ ក្រោយប៉ះគ្នាមួយប្រាវរវាងយោធាចិន និងឥណ្ឌានៅតំបន់បន្ទាត់ព្រំដែនក្បែភ្នំហិម៉ាល័យ
(ឥណ្ឌា)៖បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថាមាន កម្លាំងយោធាឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ នេះ ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិន បានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយ ការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌាក្បែរតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមានការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕