នៅចាំរឿងដំរីងាប់ទាំងមានកូនក្នុងផ្ទៃទេ? ពេលនេះរកមុខឃាតករដែលដាក់គ្រាប់បែកក្នុងដូងឲ្យដំរីស៊ីហើយ
បុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ដំរីមានផ្ទៃពោះកាលពីសប្តាហ៍មុននេះដែលធ្វើឱ្យកក្រើកពេញពិភពលោកនូវព័ត៌មានដ៏គួរឱ្យសោកសៅមួយនេះ ពេលនេះត្រូវបានប៉ូលិសចាប់ខ្លួនបាន និងកំពុងតាមប្រមាញ់ចាប់ខ្លួនពីរនាក់ទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ។យោងតាមរបាយការណ៍ពីកាសែត South China Morning Post និង CNA បានឲ្យដឹងថា តាមការពិតមេដំរី និងកូននៅក្នុងពោះនោះមិនបានស៊ីផ្លែម្នាស់ញត់ផាវនោះទេ គឺវាបានស៊ីដូងដែលត្រូវបានម្ចាស់ចម្ការដាក់បង្កប់គ្រាប់បែកនៅក្នុងនោះទើបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ធ្ងររហូតឈរស្លាប់ជាមួយកូនក្នុងពោះនៅក្នុងទឹកតែម្តង ។ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ P.Wilson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីគាត់បានធ្វើ «គ្រាប់បែកដូង» ហើយដាក់វានៅក្នុងចម្ការរបស់គាត់ដើម្បីទុកការពារពីការយាយីរបស់សត្វពាហនៈជាពិសេសសត្វព្រៃ ។លោក Surendra Kumar ប្រធានផ្នែកការពារសត្វព្រៃរបស់ Kerala បាននិយាយថា តាមការសារភាពរបស់បុរសនោះបានសារភាពថា ពួកគេបានប្រើគ្រាប់បែកកែច្នៃបង្កប់ក្នុងដូងទុកសម្រាប់បំផ្ទុះដើម្បីវាយប្រហារសត្វព្រៃដែលចូលទៅយាយីបំផ្លាញចម្ការរបស់គាត់ ។ បុរសទាំងនោះបានធ្វើ«គ្រាប់បែកដូង»ជាច្រើននៅសប្តាហ៍ទី២ នៃខែឧសភា ហើយបានបង្កប់វាទុកនៅក្បែរព្រំដីចម្ការ» ។ក្រុមមន្ត្រីការពារសត្វព្រៃបាននិយាយថា ពួកគេមិនច្បាស់ទេថា ដំរីញីដែលមានកូនក្នុងពោះនោះបានស៊ីផ្លែឈើនៅជាប់នឹងគ្រឿងផ្ទុះ ប៉ុន្តែដំរីមេដ៏អភ័ព្វត្រូវបានគេរកឃើញរងរបួសកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ គឺពីរថ្ងៃមុនពេលដែលវាងាប់ ។សូមបញ្ជាក់ផងដែរ ថាការកែច្នៃគ្រឿងផ្ទុះបង្កប់ទៅក្នុងផ្លែឈើ និងរបស់របរផ្សេងៗទៀតគឺជាទម្លាប់ធម្មតាមួយនៅក្នុងប្រទេសឥណ្ឌាដោយសារម្ចាស់ចម្ការប្រើប្រាស់វិធីសាស្ត្រនេះទុកការពារពីការយាយីរបស់សត្វព្រៃដែលព្យាយាមចូលទៅបំផ្លាញចម្ការរបស់ពួកគេ ។ទោះជាយ៉ាងណាក៏ដោយ ករណីដំរីញីមួយក្បាលដែលត្រូវផ្ទុះរហូតស្លាប់នេះបានបណ្តាលឱ្យមនុស្សជុំវិញពិភពលោកមានការខឹងសម្បារជាមួយនឹងករណីនេះជាខ្លាំងដែលធ្វើឲ្យដំរីស្លូតត្រង់ដែលកំពុងតែស្រេកឃ្លានចំណីត្រូវស្លាប់យ៉ាងសាហាវបែបនេះ ៕