ប៉ូលីសបានចាប់ខ្លួនមនុស្សជិត១,៤០០នាក់ក្នុងទីក្រុងចំនួន១៧ របស់បិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិក
(អាមេរិក)៖ ប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១,៤០០ នាក់នៅក្នុងទីក្រុងចំនួន ១៧ របស់សហរដ្ឋអាមេរិកនៅពេលដែលការតវ៉ានៅតែបន្តធ្វើឡើងលើការស្លាប់របស់លោក George Floyd។ក្រៅពីនោះ មនុស្សយ៉ាងហោច៣នាក់ ដែលរងការបាញ់ប្រហារ ហើយមានម្នាក់បានស្លាប់កំឡុងបាតុកម្មប្រើហឹង្សាតវ៉ា នៅឯទីក្រុង Indianapolis នៃរដ្ឋ Indiana សហរដ្ឋអាមេរិក ។ នេះបើយោងតាមសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។ បាតុករ នៅក្នុងទីក្រុង Indianapolis បានដុតបំផ្លាញអគារ និងទ្រព្យសម្បត្តិមួយចំនួន កំឡុងប៉ះទង្គិចគ្នាជាមួយប៉ូលិស អស់រយៈពេលពីរថ្ងៃមកនេះ។សូមបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងត្រូវបានប៉ូលិស០៤នាក់ ធ្វើការឃាត់ ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយ ម្តងទៀតថា លោកពិបាកដកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ដោយPP