(បរទេស)៖ បើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន DailyMail នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣បានបញ្ជាក់ថា បំណែកផ្សេងៗរបស់យាន Titan ត្រូវបានស្រង់ឡើងគោក ដែលក្នុងនោះរួមមានក្បាលនិងបន្ទះដ៏ធំមួយដែលមើលទៅហាក់ដូចជាចុងកន្ទុយរបស់វាផងដែរ។
មន្ត្រីឆ្មាំឆ្នេរសមុទ្រនិយាយថា ពួកគេបានរកឃើញបំណែកសាកសព ដែលឥឡូវនេះនឹងត្រូវដឹកតាមកប៉ាល់ ទៅកាន់កំពង់ផែមួយនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តនិងវិភាគ។
ឧត្តមនាវីឯក Jason Neubauer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ព័ស្តុតាង នឹងផ្តល់ឲ្យអ្នកស៊ើបអង្កេតមកពីស្ថាប័នអន្តរជាតិ នូវការយល់ដឹងសំខាន់ៗអំពីមូលហេតុនៃសោកនាដកម្មនេះ”។
គួររម្លឹកឡើងវិញ, យានជ្រមុជទឹក Titan បានដឹកមនុស្សចំនួន៥នាក់ ធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។ ប៉ុន្តែវាបាត់ការទាក់ទង ក្រោយចេញដំណើរពីកប៉ាល់មេនៅផ្ទៃខាងលើ បានរយៈពេលជាង១ម៉ោង ហើយក្រោយការខិតខំស្វែងរកច្រើនថ្ងៃ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានប្រកាសជាផ្លូវការថា យាននោះ គឺផ្ទុះសម្លាប់អ្នកទាំង៥អស់ទៅហើយ៕