ភ្នំពេញ ៖ លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបពិភាក្សា ស្ដីពី «នីតិវិធីនាំចេញ នាំចូលទំនិញកសិកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម និងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធ» នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ស្រ៊ុន សុខុម បានបញ្ជាក់ថា «វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពលើវិស័យកសិកម្មតាមរយៈការ ជំរុញអនុវត្តកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្មជាមួយនឹងរបត់ថ្មីដើម្បី ឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស»។

លោក បន្ដថា បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមាន គោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្មគឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំ ចេញសរុបនៅឆ្នាំ២០២៥។

នាឱកាសនោះ លោក អគ្គនាយកដ្ឋានកសិកម្ម ក៏បានលើកឡើងទៀតថា បច្ចុប្បន្ននេះ ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្មរួមមាន ការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក។

ឆ្លៀតឱកាសនោះដែរ តំណាងក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយ CLA និងដែគូពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្ដធ្វើកំណែងទម្រងគុណភាពសេវាសាធារណៈមួយចំនួន ដែលផ្ដល់ភាពងាយស្រួល ល្អប្រសើរជាងមុន កាន់តែមានតម្លាភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយបានបន្ដធ្វើបច្ចុប្បន្នភាពនូវប្រស័ន្ធស័្វយប្រវត្តិកម្ម ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ និងជាពិសេសក្របខ័ណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០១៩-២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ