(បរទេស)៖ មនុស្សរាប់ម៉ឺននាក់ នៅទីក្រុងបែលក្រាដ បានចូលរួមការតវ៉ាប្រឆាំងរដ្ឋាភិបាល ជុំវិញការបាញ់ប្រហារដ៏ធំចំនួនពីរ ដោយបានសម្លាប់មនុស្ស ១៨ នាក់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
គួររំលឹកថា កាលពីថ្ងៃទី ៣ ខែឧសភា ក្មេងប្រុសជំទង់ម្នាក់ បានសម្លាប់សិស្ស ៩នាក់ និងសន្តិសុខម្នាក់ក្នុងទីក្រុងបែលក្រាដ ក្នុងការបាញ់ប្រហារដ៏ធំនៅសាលារៀន នៅប្រទេសស៊ែប៊ី ហើយមួយថ្ងៃក្រោយមកបុរសអាយុ ២១ឆ្នាំម្នាក់បានសម្លាប់មនុស្ស ៨នាក់នៅខាងក្រៅទីក្រុង។ គណបក្សប្រឆាំង ដែលរៀបចំការជួបជុំនេះ បានស្តីបន្ទោសរដ្ឋាភិបាល ដឹកនាំដោយគណបក្សរីកចម្រើនស៊ែប៊ី ចំពោះការខកខានមិនបានធ្វើ សកម្មភាពប្រឆាំងនឹងធាតុឧក្រិដ្ឋកម្មនៅក្នុងសង្គម។រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់របស់គណបក្សប្រឆាំងហើយបានចោទប្រកាន់ពួកគេពីការធ្វើបាតុកម្ម ដើម្បីកេងចំណេញនយោបាយ។
គួរបញ្ជាក់ថា ស្ថានភាពរបស់ប្រទេសកាន់តែអាក្រក់ទៅៗកាលពីថ្ងៃសុក្រដោយសារតែការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករនៅភាគខាងជើងកូសូវ៉ូ ខណៈដែលក្រុមបាតុករ បានព្យាយាមរារាំងអភិបាលក្រុងជនជាតិអាល់បានី ទើបជាប់ឆ្នោតថ្មីមិនឱ្យចូលការិយាល័យរបស់គាត់ នៅក្នុងតំបន់កូសូវ៉ូ ទីក្រុង ស្វេខេន។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ៕