(ភ្នំពេញ)៖ លោក ខៀវ កញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកយកសារពីមន្ត្រីម្នាក់ ដែលចោទសួរថា «តើ គង់ វិបុល កំពុងជួយសម្តេចបវរធិបតី ឬក៏ទម្លាក់ប្រជាប្រិយភាព»?។នេះបើតាមគេហទំព័រហ្វេសបុករបស់ លោក ខៀវ កញារិទ្ធ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ 

លោក ខៀវ កញ្ញារិទ្ធ បានសរសេរថា ៖ សុំលើកយកសារមន្ត្រីម្នាក់ ដែលខ្ញុំគិតថា ឡូសុិច !តើហួសហេតុដែរទេ?! ។ ដីកូនខ្ញុំនៅ សៀមរាប ក្បាល ១១ គុណ ២០ ។ វាធ្វើផ្ទះ ៤ គុណ ១២ ។ សល់ដីដាំដំណាំខាង ៗ ផ្ទះខ្លះ ។ ពេលចូលទៅបង់ពន្ធ គេឲ្យបង់ពន្ធដី ទុកចោលមិនប្រើប្រាស់ ។ ពេលសួរថា ខ្ញុំរស់នៅហ្នឹងតើ! ។ មន្ត្រី សុរិយោដី ឆ្លើយថា ផ្ទះតូច មិនពេញដី Sic?! ។ វិលវល់ហើយរបៀបនេះ ។ បូកចុះបូកឡើង ជាង ៤ លាន ៥ សែនរៀល Sic. ។ គង់ វិបុល កំពុងជួយសម្តេច បវរធិបតី ឬក៏ទម្លាក់ប្រជាប្រិយភាព?! ។ ខ្ញុំលើកករណីផ្ទះកូនប្រុសខ្ញុំនេះ គឺចង់រំលេចឲ្យឃើញបញ្ហាបែបនេះមានរាប់លានករណី ។

 

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងសេចក្ដីបំភ្លឺថាការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។  

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ទំព័រ ដើម្បីឆ្លយតបនឹងការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ ដែលពុំបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុងការអនុវត្តតួនាទីភារកិច្ចលើការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ និងបានជម្រាបសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ៕

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ