ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ កញ្ញា នេះ ថា «នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់»។

ក្រសួង បន្ដថា តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្រសួង បន្ថែមថា ប្រជាពលរដ្ឋបានសម្រុកចូលរាជធានីភ្នំពេញវិញនាល្ងាចថ្ងៃចន្ទម្សិលមិញ ដែលធ្វើឱ្យចរាចរណ៍នៅតាមដងផ្លូវជាតិនានាមានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការីដែលទទួលបានច្បាប់ឈប់សម្រាកពី៤-៥ថ្ងៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ