ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ មានអាយុ៦ឆ្នាំ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះបានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះ ត្រូវពស់ស្រកាចាស់ចឹកហើយពិសជ្រាបចូលក្នុងឈាម បណ្តាលឲ្យរលួយដៃ ខ្សោយដង្ហើម និងខូចតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរនោះ។

យោងតាមផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner ដែលបានបង្ហោះ នាថ្ងៃទី២៦ ខែកញ្ញានេះ បានឲ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានពស់ស្រកាចាស់ចឹកនិងត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យខេត្តកំពត២ថ្ងៃបន្ទាប់មកពិសពស់បានជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃនិងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត។ ប៉ុន្តែក្មេងប្រុសត្រូវបានជួយសង្រ្គោះជីវិត ដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាមតាមស្រោមពោះសង្រ្គោះតម្រងនោម និងសង្រ្គោះដង្ហើមដោយម៉ាស៊ីនសប់ដង្ហើម អស់រយៈពេល២១ថ្ងៃ តែថ្ងៃនេះ(ថ្ងៃទី២៦) ក្មេងប្រុសបានរួចជីវិត និងត្រូវបន្តព្យាបាលបណ្តុះស្បែកឡើងវិញ។

តាមរយៈផេកហ្វេសបុកខាងលើនេះដែរ បានបញ្ជាក់ឲ្យដឹងផងដែរថា ពស់ស្រកាចាស់ មានពិសចម្រុះគ្នា ធ្វើឲ្យរលួយសាច់វិបត្តិកំណកឈាម និងហូរឈាម អាចធ្វើឲ្យប្រព័ន្ធប្រាសាទឈប់ដំណើរការ និងធ្វើឲ្យតម្រងនោមលែងដំណើរការទៀតផង។ យ៉ាងណាក៏ដោយក្មេងប្រុសរងគ្រោះខាងលើនេះត្រូវបានជួយសង្រ្គោះជីវិតទាន់ពេលា ហើយការព្យាបាលក្មេងប្រុសនេះ ដូចអ្នកជំងឺក្មេងៗនាពេលកន្លងមកផងដែរ គឺការព្យាបាលដោយឥតគិតថ្លៃទាំង អស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ