ក្រុងយ៉ាំងហ្គោនៈ អាជ្ញាធររបបយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេបានដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ដែលមានតម្លៃជិតកន្លះពាន់លានដុល្លារ ប៉ុន្តែបានព្រមានថាពួកគេបរាជ័យក្នុងការបញ្ឈប់ការកើនឡើងនៃការផលិត និងការជួញដូរគ្រឿងញៀន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នារាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
គំនរថ្នាំហេរ៉ូអ៊ីន កញ្ឆា មេតំហ្វេតាមីន និងអាភៀនត្រូវបានដុតបំផ្លាញនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន ក្នុងទស្សនីយភាពប្រចាំឆ្នាំដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់។
ប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់ការគ្រប់គ្រងគ្រឿងញៀនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកំទេចពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារគឺមិនមានផលប៉ះពាល់អ្វីនោះទេ។លោក Soe Htut បានប្រាប់កាសែត Global New Light of Myanmar ថា "ទោះបីជាអ្នកបំពានគ្រឿងញៀន មេក្លោងជួញដូរ រាប់មិនអស់ត្រូវបានចាប់ខ្លួន និងកាត់ទោសក៏ដោយ ក៏ការផលិត និងការជួញដូរគ្រឿងញៀនមិនធ្លាក់ចុះទាល់តែសោះ" ៕