រាជរដ្ឋាភិបាលអនុគ្រោះការប្រើប្រាស់អគ្គិសនីលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ ថា ការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គីសនី សម្រាប់វិស័យឧស្សាហកម្ម កសិកម្មពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០នេះ គឺដើម្បីជួយសម្រួលការលំបាក ក្នុងការបង់ថ្លៃអគ្គីសនីរបស់ទីតាំងដែលបានព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គីសនី របស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្ម ភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
ផែនការអនុគ្រោះ និងលើកទឹកចិត្តទាំងនោះ រួមមាន៖ផ្តល់ការអនុគ្រោះលើកលែង ការបង់ថ្លៃអគ្គីសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ តាមលក្ខខណ្ឌអានុភាពរួចអនុញ្ញាត ឲ្យបង់ថ្លៃអគ្គីសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្តែងតាមអាត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើប្រាស់អគ្គីសនីដែលផ្គត់ផ្គង់ ដោយអគ្គីសនីកម្ពុជា ឬផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គីសនីពីអគ្គីសនីកម្ពុជាក៏ដោយ។
ក្នុងនោះ ក៏ត្រូវបន្ថយថ្លៃអគ្គីសនីចំនួន២៥%លើការបង់ថ្លៃអគ្គសនី ដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យម ក្នុងរយៈពេលបីខែដើមឆ្នាំចាប់ពីខែមករា-ខែមីនា ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលនៃការអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩។
យ៉ាងណាក៏ដោយ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំង ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតា ប្រហាក់ប្រហែលពេលមុន៕SP