(មីយ៉ានម៉ា)៖ មានការវាយប្រហារតាមអាកាសដោយយោធាមីយ៉ាន់ម៉ាលើបុណ្យតន្ត្រីមួយ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ក្នុងនោះរួមមានអ្នកចំរៀងនិងតន្ត្រីករស្ថិតចំណោមអ្នកស្លាប់ក្នុងការវាយប្រហារដែលទំនងផ្តោតលើការជួបជុំអបអរខួបបង្កើតអង្គការនយោបាយរបស់ក្រុមជនជាតកាជីននៅភាគខាងជើងប្រទេស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFPកាលពីថ្ងៃច័ន្ទទី ២៥ ខែតុលាឆ្នាំ២០២២។
ប្រភពព័ត៌មានក្នុងស្រុកខ្លះនិយាយថា នៅពេលសារព័ត៌មានភាគច្រើនថាមនុស្ស៦០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ សារព័ត៌មានខ្លះថាមនុស្សដល់ទៅ១០០នាក់បានស្លាប់។ទោះយ៉ាងណា នេះជាការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុតក្នុងការវាយប្រហារតាមផ្លូវអាកាសតែមួយដងចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមួយកាលពីខែកុម្ភៈឆ្នាំ២០២១។ទោះជាយ៉ាងណាគេមិនអាចសុំការបញ្ជាក់បានទេ ក្រៅតែពីសារព័ត៌មានដែលស្និទ្ធនឹងក្រុមឧទ្ទាមបះបោរនេះបានបង្ហោះវីដេអូបង្ហាញអំពីអ្វីដែលអាចជាទិដ្ឋភាពនៅក្រោយការវាយប្រហារ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ត្រូវបានញាំញីរំខានដោយឧទ្ទាមកម្មអស់ពេលរាប់ទសវត្សរ៍មកហើយពីក្រុមជនជាតិជាច្រើនដែលទាមទារស្វ័យភាពធំឡើង តែការតស៊ូប្រឆាំងអាជ្ញាធរកាន់តែរីកធំនៅទូទាំងប្រទេសជាមួយនឹងការបង្កើតចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធមួយ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ក្រុមយោធា៕