ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា និងសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។ ក្នុងនោះមាន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ