ក្រសួងរៀបចំដែនដី ៖ ពលរដ្ឋ តាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក
ក្រសួងរៀបចំដែនដី ៖ ពលរដ្ឋ តាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋ តាំងទីលំនៅខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ចំនួន ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិជាតិរុនតាឯក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងរៀបចំដែន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះវាស់វែងក្បាលដីបានចំនួន ២០.០៣១ ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១២ ៣១៥ ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្រសួង បន្ដថា ក្រុមការងារ ក៏បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ហើយប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើតូបលក់ដូរសរុបចំនួន៤៤ តូប។
ក្រសួងរៀបចំដែនដី បញ្ជាក់ថា «ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប»។
សូមរំលឹកថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយ មន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ