អាជ្ញាធរ៖ ស្ថានភាពដីបានស៊ីរូងចូលផ្នែកខាងក្រោមនៃសំណង់លំនៅដ្ឋាន ខណៈផ្ទះពលរដ្ឋខូចខាតកើនឡើងដល់៤០ខ្នង
(កណ្ដាល)៖ ផ្ទះពលរដ្ឋកើនឡើងចំនួន៤០ខ្នង ដែលបានរងការខូចខាត បាក់ចូលទន្លេ ត្រង់ចំណុចត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាងមុខផ្សារស្អាង ព្រែកតូច ក្នុងស្រុកស្អាង ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍របស់ រដ្ឋបាលខេត្តកណ្តាល។
ក្នុងរបាយការណ៍បញ្ជាក់ថា ផ្ទះទាំង៤០ខ្នងនោះគឺស្មើនឹងចំនួន ២១គ្រួសារ (បញ្ជាក់ដោយកំណើនខ្នងផ្ទះច្រើនដោយសារ ក្នុងនោះ ០១គ្រួសារ មានផ្ទះ២ ឬ៣ល្វែង)ដែលជាហេតុធ្វើអោយកើនឡើងនូវចំនួនខ្នងផ្ទះ។ ក្នុងនោះរួមមាន៖
-ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ
-ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ
-ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ
ក្រុមការងារបានចុះណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ, ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ, រៀបចំសុវត្ថិភាព និងធ្វើការបញ្ជៀសការកកស្ទះ និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានប្រើប្រាស់កងកម្លាំង រួមមាន៖ ប៉ូលីស ២០០នាក់ កងរាជអាវុធហត្ថ ៨១នាក់ និងមានការមកជួយពីខាងក្រុមការងារកងរុករក និងសង្រ្គោះ ចំនួន ៧២នាក់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រង់ចាំជួយសង្រ្គោះ។
បើតាមសេចក្តីសន្និដ្ឋាន ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ស្ថានភាពដីមានភាពមិនប្រក្រតី ធ្វើឱ្យសំណង់លំនៅដ្ឋាននៅតែបន្តបាក់ (ស្ថានភាពដីបានស៊ីរូងចូលផ្នែកខាងក្រោមនៃសំណង់លំនៅដ្ឋាន)៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ