សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា ការធ្វើកំណែទម្រង់លើកងកម្លាំងនគរបាល គឺជាការងារអាទិភាពមួយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា ការធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលគឺ ជាការងារអាទិភាពមួយ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។ ការងារនេះ ក៏បានកំណត់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ និងជាអាទិភាពទៅលើការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងសំណេះសំណាលសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ និងប្រកបដោយគុណភាព ដើម្បីកសាងធនធានមនុស្សផ្នែកនគរបាល ឱ្យបំពេញភារកិច្ចស្នូលរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ដូច្នេះ ក្រសួងមហាផ្ទៃត្រូវតែបន្ត និងធានាឱ្យការងារបណ្តុះបណ្តាលនេះប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព និងចីរភាព។
សម្ដេចក្រឡាហោម បន្ថែមថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ព្រោះការបណ្តុះបណ្តាលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខ ជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ