ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នករកស៉ីជួញដូរមនុស្សប្រមាណ ៦០នាក់ និងសង្គ្រោះមនុស្សជាង ៦០០នាក់។

ក្រោយជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី២២ សីហា លោកស្រី ជូ ប៊ុនអេង បានថ្លែងថា បទល្មើសទាំងនេះ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ កណ្តាល កោះកុង បន្ទាយមានជ័យ ស្វាយរៀង និងរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «៧ខែនេះ អាជ្ញាធរកម្ពុជា បានបង្ក្រាបអំពើជួញដូរមនុស្ស ៧៤ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៉ី វៀតណាម និងជនជាតិខ្មែរ ៦០នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សខុសច្បាប់»។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។ ប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ