ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២៣ ខាងមុខ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអ្នកចូលនិវត្តន៍ នឹងទទួលបានតំឡើងបៀវត្ស។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោកគ្រូ-អ្នកគ្រូ និងមន្ដ្រីរាជការទាំងអស់ មិនត្រូវបានតំឡើងប្រាក់បៀវត្សឡើយ ដោយសារកម្ពុជា ត្រូវខិតខំសន្សំប្រាក់ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេច មានប្រសាសន៍ថា «នៅឆ្នាំ២០២៣នេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ ឬគ្រប់មនុស្ស ឬតួរអង្គ ដែលធ្វើឲ្យរដ្ឋ សុទ្ធត្រូវតែទទួលបានតំឡើងបៀវត្ស»។

សម្ដេច បន្ថែមថា គ្រូពេទ្យ និងគ្រូបង្រៀន មានប្រាក់បៀវត្ស ច្រើនជាងមន្ដ្រីរាជការ ដូច្នេះកុំមានភាពច្រណែន។ សម្ដេច ថា គ្រូបង្រៀន មិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្ដែបង្រៀនឱ្យកូនសិស្សធ្វើជាអ្នកមានបាន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ