ក្រុមសង្គ្រោះប្រកាសបិទការរុករក បន្ទាប់រកឃើញកំទេចយានជ្រមុជទឹក Titan ហើយសន្មត់ថាមនុស្សទាំងអស់ក្នុងស្លាប់អស់ហើយ
(បរទេស)៖ក្រុមសង្គ្រោះប្រកាសបិទការរុករក បន្ទាប់រកឃើញកំទេចនាវាមុជទឹក Titan ទៅទស្សនាខ្មោចកប៉ាល់ Titanic តាមរយៈប្រព័ន្ធកត់ត្រាសំឡេង សន្មត់ផ្ទុះស្លាប់ទាំងអស់។
គួរបញ្ជាក់ថា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងចេញពីសន្និសីទលោកឧត្តមនាវីឯក John Mauger បានប្រាប់អ្នកយកព័ត៌មានថា កន្ទុយយានជ្រមុជទឹក ត្រូវបានរកឃើញនៅចំកណ្តាលនៃគំនរកម្ទេចកម្ទី។ សំណល់នៃយានជ្រមុជទឹកនេះ គឺបណ្តាលមកពីការផ្ទុះចេញពីបន្ទប់រក្សាសម្ពាធ។ គ្មានអ្វីត្រូវសង្ស័យឡើយ អ្នកដំណើរប្រាំនាក់ នឹងស្លាប់ភ្លាមៗនៅក្នុងសេណារីយ៉ូបែបនេះ។
យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែលមួយម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។
សូមរំលឹកថា នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕