ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីទឹកស៊ីម៉ង់ត៍ធ្លាក់ពីអគារខ្ពស់កំពុងសាងសង ស្រោចមកលើរថយន្តសេរីទំនើបមួយគ្រឿងតាមបណ្ដោយមហាវិថីព្រះនរោត្តមជាមហាវិថី ដែលជាមហាវិថីមួយដ៏មមាញឹក តែងតែមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រើនកុះករ មិនថាយប់មិនថាថ្ងៃ ខណៈម្ចាស់រថយន្តស្នើឱ្យក្រុមហ៊ុនចេញមកបកស្រាយ និងបង្ហាញការទទួលខុសត្រូវ។។នេះបើតាមបង្ហោះរបស់ម្ចាស់គណនីហ្វេសបុក ឈ្មោះ IV Veasna ។

បើតាមវីដេអូដែលបង្ហោះដោយគណនីខាងលើ ឃើញថា ស្ថានភាពរថយន្តស៊េរីទំនើប ម៉ាកឡងគ្រីស័រ ពណ៌ខ្មៅ ប្រឡាក់ពោរពេញដោយទឹកស៊ីម៉ងត៍ ហើយទឹកស៊ីម៉ងត៍នេះ ដែលធ្លាក់ចេញពីអគារម៉ៅការដោយក្រុមហ៊ុន មានឈ្មោះថា សៀងហៃ បាវយី (Shanghai Baoye Cambodia Co., Ltd )ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់ចិន ទទួលបានការវិនយោគអាគារជាច្រើននៅកម្ពុជា។

ករណីខាងលើនេះ បើតាមគណនីហ្វេសបុក ឈ្មោះ IV Veasna បានសរសេរបញ្ជាក់ថា «មិនមែនទឹកភក់ទេ គឺ ស៊ីម៉ងត៍!សូមក្រុមហ៊ុនម៉ៅការសាងសង់អគារនេះ(សៀងហៃបាវយី)ចេញមកបកស្រាយ និងបង្ហាញការទទួលខុសត្រូវ។-ក្រុមហ៊ុនShanghai Baoye (Cambodia) Co., Ltd -ទីតាំងមហាវិថីព្រះនរោត្តម»។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយនេះទេ ដែលក្រុមហ៊ុនម៉ៅការសាងសង់ Shanghai Baoye (Cambodia) Co., Ltd ធ្វេសប្រហែសលើបញ្ហាបច្ចេសចំពោះការទទួលសាងសង់របស់ខ្លួន ដែលតែងតែបង្ករឱ្យកើតមានការថ្នាំងថ្នាក់ ពីសំណាក់ពលរដ្ឋដែលរស់នៅជុំវិញការដ្ឋានសាងសង់ និងអ្នកដំណើរឆ្លងកាត់ រហូតមានករណីខ្លះមានការប្តឹងផ្តល់ថែមផង។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់បណ្ដោយមហាវិថីនរោត្តម ត្រង់ចំណុចអគារខាងលើ ធ្លាប់បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរ រាល់ការធ្វើដំណើរឆ្លងកាត់ តែងតែមានកម្ទេចថ្ម ទឹកកំបោរ ស៊ីម៉ង់ត៍ ធ្លាក់ត្រូវខ្លូន និងយានយន្តជាដើមដែរ ជាការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៃការធ្វើដំណើរ ពិសេសពេលរាត្រី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ