(អាម៉េរិក)៖ អង្កការសុខភាពពិភពលោក WHO (World Health Organization) បានចេញនូវសេចក្តីប្រកាសមួយ ដោយសម្តែងការសោកស្តាយជាខ្លាំង ក្នុងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីសមាជិកនៃអង្កការមួយនេះ។អង្កការមួយនេះ សង្ឃឹមថាលោកប្រធានាធិបតី នឹងពិចារណាការសម្រេចចិត្ត ដើម្បីជាប្រយោជន៍ដល់សុខភាព និង សុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានCNA នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ WHO បានអះអាងថា ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាព និង សន្តិសុខរបស់ប្រជាជនលើពិភពលោក រួមទាំងជនជាតិអាម៉េរិក និង បានដោះស្រាយបញ្ហាឫសគល់នៃជម្ងឺផ្សេងៗ ការកសាងប្រព័ន្ធសុខភាពឱ្យកាន់តែរឹងមាំ និងការពារ ឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព រួមទាំងការផ្ទុះឡើងនៃជម្ងឺរាតត្បាតផ្សេងៗ។គួរបញ្ជាក់ថា អាម៉េរិក គឺជាសមាជិកស្ថាបនិករបស់ WHO ក្នុងឆ្នាំ ១៩៤៨ ហើយបានចូលរួមក្នុងការបង្កើត និង គ្រប់គ្រងការងាររបស់ WHO ចាប់តាំងពីពេលនោះមក រួមជាមួយរដ្ឋសមាជិកចំនួន ១៩៣ ផ្សេងទៀត រួមទាំងតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសន្និបាតសុខភាពពិភពលោក និងក្រុមប្រឹក្សាប្រតិបត្តិ។
អង្គការសុខភាពពិភពលោក (WHO) គឺជាអង្គការនៅក្រោមឆ័ត្រអង្គសហប្រជាជាតិ បច្ចុប្បន្ន មានការិយាល័យប្រចាំការមួយនៅរដ្ឋធានី Washington, DC។បើតាម WHO អស់រយៈពេលជាងប្រាំពីរទសវត្សរ៍មកហើយ ដែលអង្គការសុខភាពពិភពលោក និង សហរដ្ឋអាម៉េរិកបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ និង បានការពារប្រជាជនអាម៉េរិក និង ប្រជាជនទាំងអស់ពីការគំរាមកំហែងផ្នែកសុខភាព។WHO សង្ឃឹមថា អាម៉េរិកនឹងពិចារណាឡើងវិញ ដើម្បីរក្សាភាពជាដៃគូរវាងសហរដ្ឋអាមេរិក និង អង្គការសុខភាពពិភពលោក ដើម្បីជាប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក៕