លោក ខៀវ សំផន ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិត បិទបញ្ចប់សំណុំរឿងចុងក្រោយនៃសាលាក្ដីខ្មែរក្រហម
ភ្នំពេញ៖ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្តន្ទាទោស ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោក ខៀវ សំផន ត្រូវបានចៅក្រម គង់ ស្រ៊ីម ប្រកាសតម្កល់ពិរុទ្ធភាពក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបទប្រល័យពូជសាសន៍ និងប្រកាសទោសដាក់ពន្ធនាគារអស់មួយជីវិតលើ ខៀវ សំផន ដោយអង្គជំនុំជម្រះសាលាដំបូង និងត្រូវអនុវត្តទោសត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១។
ចៅក្រមបានបង្គាប់ថា៖ «ខៀវ សំផន ត្រូវស្ថិតនៅក្នុងមន្ទីរឃុំឃាំង អ.វ.ត.ក រង់ចាំការចេញសាលដីការមានសំអាងហេតុពេញលេញ និងការបញ្ចប់នូវការរៀបចំសម្រាប់ការផ្ទេរដោយអនុលោមតាមច្បាប់ទៅពន្ធនាគារដែលគាត់ត្រូវបន្តអនុវត្តទោសរបស់គាត់»។
បន្ទាប់ពីការប្រកាសសាលដីកាឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias បានថ្លែងថានេះគឺជាសមិទ្ធផលដ៏ធំធេងរបស់សាលាក្ដីខ្មែរក្រហម។
លោកថា៖ «ការប្រកាសសាលដីកានៅថ្ងៃនេះឆ្លុះបញ្ចាំពីការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការធានាឱ្យមានយុត្តិធម៌ជូនប្រជាជនកម្ពុជាចំពោះឧក្រិដ្ឋកម្មដ៏រន្ធត់ដែលបានប្រព្រឹត្តិក្នុងអំឡុងរបបខ្មែរក្រហម»។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្ដីខ្មែរក្រហម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានថ្លែងផងដែរថា ថ្ងៃនេះជាថ្ងៃបិទទំព័រដ៏ខ្មៅងងឹតសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិទាំងមូលក្នុងការស្វែងរកយុត្តិធម៌។
លោកថា៖ «ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានផ្ដល់នូវការចូលរួមនូវការពង្រឹងសន្ដិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសារជាថ្មីនៅទីនេះឬនៅទីណាទាំងអស់នៅក្នុងពិភពលោក»។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ