ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ នាំគ្នាចុះកិច្ចព្រមព្រៀងដើម្បីធានា ទទួលបាន វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩
ការស្រាវជ្រាវរកវ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ កំពុងផ្តល់ពន្លឺបណ្តើរៗ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca ដើម្បីធានាផ្គង់ផ្គង់ អនាគតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ចំនួន ៣០០លានដូស សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុប។ ដើម្បីទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន និងមុនគេ គណៈកម្មការអឺរ៉ុបគ្រោងនឹងប្រើកញ្ចប់ថវិកា ជាង ២ពាន់លានអឺរ៉ូ សម្រាប់កិច្ចសន្យាទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ។តាមលោកJens Spahn រដ្ឋមន្រ្តីសុខភាពអាល្លឺម៉ង់ ដើម្បីឲ្យការផ្គត់ផ្គង់វ៉ាក់សាំង ធ្វើឡើងក្នុងចំនួនដ៏ច្រើន និងលឿន នៅឆ្នាំនេះ ឬនៅឆ្នាំក្រោយ គេត្រូវតែចុះកិច្ចសន្យា ឥលូវនេះ សម្រាប់ធានាសមត្ថភាពផលិតរបស់ក្រុមហ៊ុនផលិតឱសថ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនផលិតឱសថ បានអះអាងថា ក្រុមហ៊ុននឹងអាចផ្គត់ផ្គង់អនាគតវ៉ាក់សាំងបង្ការជំងឺកូវីដ ដល់ទៅ ៤០០លានដូស៕