ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាត  អង្គការសហប្រជាជាតិ (UN) លើកទី៧៧ នៅសហរដ្ឋអាមេរិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាស ក៏មានការអញ្ជើញចូលរួមជូនដំណើរពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ,ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ផងដែរ។

សូមជម្រាបជូនដែរថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ (មសអសប) សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។ លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ «មសអសប» ផងដែរ។

ដោយឡែក ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីសាធារណរដ្ឋគុណបា។

ចំពោះ ពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ