ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិន័យការងាររបស់លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរ បន្ទាប់ពីលោកស្រីសម្រេចដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម ដែលត្រូវបានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសថា សកម្មភាពនេះជាការរំលោភបំពានធ្ងន់ធ្ងរនូវ មាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលដែលលោកស្រី ពេជ ម៉ារ៉ែន បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលក្នុងនោះលោកស្រីបាននិយាយថា «…ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោសអូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្ដោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើមទោះបីខ្លួនខិតខំកែលម្អហើយក៏ដោយ...»។
បញ្ហាវិន័យនេះត្រូវបានលើកឡើងបន្ទាប់ពីក្រសួងយុត្តិធម៌បានដាក់លិខិតលេខ ១២៨២ កយ.អគ្គា/២៤ចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៤ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើការដោះស្រាយសំណុំរឿងដែលលោកស្រី ម៉ារ៉ែន បានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ «ឃាតកម្ម» ដែលជាប្រភេទបទឧក្រិដ្ឋ។ ប្រធានក្រុមប្រឹក្សាវិន័យបានចាត់ឲ្យក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមធ្វើការសាកសួរលម្អិតនិងរាយការណ៍មកវិញ។
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាវិន័យបានកោះប្រជុំដើម្បីដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញលោកស្រី ម៉ារ៉ែន ឱ្យចូលមកការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមអធិការកិច្ច ការបំភ្លឺរបស់សាមីខ្លួន ការសួរដេញដោលពីក្រុមប្រឹក្សាវិន័យ និងបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាវិន័យបានរកឃើញថា លោកស្រី ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌលេខ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។
ក្រុមប្រឹក្សាវិន័យ បានសម្រេចថា ការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលចែងថា ដើម្បីអាចដោះលែងដោយមានលក្ខខណ្ឌនូវទណ្ឌិតដែលកំពុងជាប់ទោសនៅពន្ធនាគារបាន លុះត្រាតែទណ្ឌិតនោះបានអនុវត្តទោសបានយ៉ាងតិច ២/៣ នៃទោសសរុបរបស់ខ្លួន ក្នុងករណីដែលទណ្ឌិតនោះរងទោសដាក់ពន្ធនាគារលើសពី ១ឆ្នាំ។ ក្នុងករណីនេះ ទណ្ឌិតបានអនុវត្តទោសជាក់ស្តែងក្នុងពន្ធនាគារបានត្រឹមតែ ៥ឆ្នាំ ១ខែ និង២ ថ្ងៃប៉ុណ្ណោះ ដោយខ្វះរយៈពេលកំណត់។
បន្ថែមលើនេះ គណៈកម្មការជាតិសម្រាប់ការដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌បានផ្តល់យោបល់យ៉ាងច្បាស់តាមរយៈលិខិតកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយណែនាំដល់តុលាការខេត្តតាកែវ ចំពោះការដោះលែងដោយមានលក្ខខណ្ឌ ទៅលើទណ្ឌិតខាងលើ ដោយសាររយៈពេលនៃការអនុវត្តទោសនៅក្នុងពន្ធនាគាររបស់ទណ្ឌិតរូបនេះ មិនទាន់គ្រប់ ២/៣ នៃទោស ដូចមានកំណត់ក្នុងមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។
ក្រុមប្រឹក្សាវិន័យបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោកស្រី ម៉ារ៉ែន មិនត្រឹមប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងជាការរំលោភបំពានធ្ងន់ធ្ងរនូវមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតបានជាកំហុសធ្ងន់ធ្ងរនៅក្នុងការអនុវត្តវិជ្ជាជីវៈជាចៅក្រម។ ផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាវិន័យបានពិភាក្សាយ៉ាងល្អិតល្អន់ និងបានសម្រេចជាឯកឆន្ទដាក់ទណ្ឌកម្មថ្នាក់ទី២ ត្រង់ចំណុច "ក" និង "គ” នៃមាត្រា៥៥ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា(1) ក្រោមរូបភាព ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ ចំពោះសាមី ចៅក្រមដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនេះ។
សេចក្តីសម្រេចនេះត្រូវបានដាក់ជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យ និងសម្រេចក្នុងសម័យប្រជុំលើកទី៣៨ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តីសម្រេចនេះ បិទផ្លូវតវ៉ា តាមបញ្ញត្តិនៃមាត្រា២៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីប្រកាសបានបំភ្លឺថា ជនដែលត្រូវបានដោះលែងដោយលោកស្រី ម៉ារ៉ែន មិនមែនជាជនជាប់ឃុំបណ្តោះអាសន្នទេ ប៉ុន្តែទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ។ ប្រសិនបើមានមូលហេតុចាំបាច់នៃការដោះលែង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ណាមួយ ក៏មិនមែនជាសមត្ថកិច្ចរបស់តុលាការដែរ ប៉ុន្តែ គឺជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឱ្យទណ្ឌិតណាមួយនៅពេលណាក៏បាន ដោយផ្អែកតាមមាត្រា៧៧ នៃច្បាប់ស្តីពីពន្ធនាគារ។
ក្រុមប្រឹក្សាវិន័យបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាលើកកម្ពស់ទំនុកចិត្តក្នុងការអនុវត្តច្បាប់របស់តុលាការ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕