សម្ដេចក្រឡាហោម ស ខេង ណែនាំសមត្ថកិច្ចមិនត្រូវគំរាមកំហែងជនបរទេស ដើម្បីឲ្យពួកគេគៀងគរជនបរទេសផ្សេងទៀត មកបណ្ដាក់ទុននៅកម្ពុជាបន្ថែម
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំសមត្ថកិច្ចមិនត្រូវ គំរាមកំហែង ប្រើអំពើហិង្សា ដល់ជនបរទេសឡើយ ដើម្បីឲ្យពួកគេគៀងគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុកវិនិយោគ នៅកម្ពុជាបន្ថែម។ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែ យើងក៏ធានា ដល់ការលើកទឹកចិត្ត សម្រាប់ការជំរុញ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ផងដែរ។ គឺខិតខំលើកទឹកចិត្តដល់អន្ដោប្រវេសន៍គ្រប់ផ្នែករស់នៅប្រទេសកម្ពុជា ជាពិសេស អន្ដោប្រវេសន៍ស្របច្បាប់ ធ្វើយ៉ាងម៉េច? ឲ្យគេរស់នៅសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម»។សម្ដេចក្រឡាហោម បន្ដថា សមត្ថកិច្ច ត្រូវលើកទឹកចិត្តជនអន្ដោប្រវេសន៍ ដើម្បីគៀងគរជនបរទេសផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន សម្រាប់មកអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម របស់កម្ពុជា ដូច្នេះ សមត្ថកិច្ចរបស់កម្ពុជា ត្រូវរៀបចំការងារឲ្យបានត្រឹមត្រូវជាមួយ ជនអន្ដោប្រវេសន៍។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ពង្រឹង ការពារ ជនបរទេស ហើយប្រឆាំងដាចខាត បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស តាមច្រកព្រំដែន។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា មានជនអន្តោប្រវេសន៍ ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) តាមរយៈយុទ្ធនាការជំរឿនស្ថិតិ ដកហូតឯកសាររដ្ឋបាលមិនប្រក្រតីចំនួន ២៨.៩៤៥គ្រួសារ មនុស្សចំនួន ៨៩.៧៨៦នាក់។ ក្នុងនោះ តាមការស្រាវជ្រាវ ទិន្នន័យនៃការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពិនិត្យឃើញថា មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ ដែលមិនមកបន្តសុពលភាព អគ្គនាយកដ្ឋានកំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេគោរពត្រឹម ត្រូវតាមច្បាប់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ