ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា  គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល  ពីព្រែកក្តាម  ទៅធ្លាម្អម (ពោធិ៍សាត់)  នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ។ 

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture នាថ្ងៃទី២៥  មីនា  លោក  ស៊ុន ចាន់ថុល  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន បានផ្តល់ការគាំទ្រ ក៏ដូចជាចូលរួមចំណែកក្នុងការស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវជាតិលេខ៥ តភ្ជាប់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលដែលកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង។

លោក ក៏បានជម្រាបជូនផងដែរអំពីការសាងសង់រួចរាល់ជាស្ថាពរ១០០% នៃកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ លោក  បញ្ជាក់ ថា «ដោយឡែកទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅធ្លាម្អម (ពោធិ៍សាត់) គ្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ»។ 

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបងប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ