ភ្នំពេញ ៖ ស្របទៅនឹងការអំពាវនាវ ជាច្រើនលើកច្រើនសារ លើបញ្ហារថយន្ដគេចពន្ធ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការព្រមាន ចាប់រថយន្ដទាំងនោះ  ទៅដុតកម្ទេចចោល ខណៈដែលរកឃើញថា នៅសល់ប្រមាណជា ៥ពាន់គ្រឿង បន្ថែមទៀត ដែលមិនទាន់ចេញមកបង់ពន្ធ។ 

ថ្លែងក្នុងកម្មពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កន្លងទៅខ្ញុំបានចេញបទបញ្ជា ដាច់ខាតដោយចាប់ពីខែ៦-៧  មិនត្រូវមានឡានអត់ពន្ធនិងឡានចង្កូតស្ដាំ នៅលើដងផ្លូវទៀតនោះទេ»។

បើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា រថយន្ដអត់ពន្ធទាំងអស់សរុបជាង១មឺុនគ្រឿង ដែលនឹងត្រូវប្រមូលពន្ធ បានជាង១០០លានដុល្លារ ក្នុងនោះរថយន្ដ ចំនួន៥៩៩៣គ្រឿង បានទៅបង់ពន្ធរួចរាល់ ដោយប្រមូលចំណូល ស្មើនឹង៥១លាន៦០មឺុនដុល្លារ នេះគិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបើតាមការប៉ាន់ស្មាន នៅសល់ឡាន ពាក់កណ្ដាលទៀត ដែលអត់ទាន់បង់ពន្ធ ។

ជុំវិញករណីនេះ សម្ដេចតេជោ បានអំពាវនាវឱ្យមន្រ្តីក៏ដូចជាអ្នកមានប្រាក់ ទិញរថយន្ដឬម៉ូតូប្រើប្រាស់ ត្រូវមានចំណែកបង់ពន្ធជូនរដ្ឋ។ សម្ដេចថា បើរដ្ឋគ្មានចំណូល តើបានអ្វីក្នុងការចំណាយ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «ព្រោះកន្លងទៅអត់មានអ្នកក្រណាមួយ មានលុយទិញឡាននោះទេ យ៉ាងច្រើនពួកគាត់មានសមត្ថភាពត្រឹមតែទិញម៉ូតូចាស់មួយនោះទេ ប៉ុន្តែអ្នកដែលជិះឡានធំៗ និងថ្លៃៗនោះ គឺមានលុយទៅទិញហើយ មកបន្លំលេខទៀត ជូនកាលជ្រកក្រោមស្លាកលេខ (នគរបាល កងទ័ព រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល)»។

ជាមួយគ្នានេះ សម្ដេចតេជោ បានអះអាងថា  នៅកម្ពុជា មានការបន្ធូរបន្ថយច្រើនណាស់ សម្រាប់ប្រជាជនរបស់ខ្លួន ក្នុននោះយើងមិនដែលបានយកពន្ធទៅលើដីកសិកម្ម យកមកធ្វើជាថវិការជាតិរបស់យើងនោះទេ។

សម្ដេច បញ្ជាក់ថា «ចឹងបញ្ហាពន្ធដីកុំប៉ះ! តែខ្ញុំសុំស្នើឱ្យអ្នករកស៊ីទាំងឡាយ ធ្វើការបង់ពន្ធទៅតាមច្បាប់ដែលមានជាធរមាន ហើយស្នើឱ្យអាជ្ញាធរគាំទ្រ ចំពោះការយកពន្ធពីសំណាក់ផ្នែកគយនិងពន្ធដា ឱ្យបានត្រឹមត្រូវ  » ។សម្ដេច សង្កត់ធ្ងន់ថា «អ្នកដែលមិនទាន់បង់ពន្ធរថយន្ដ ប្រមាណជា៥ពាន់គ្រឿងសូមចេញមកបង់ពន្ធ ប្រយ័ត្នដល់ពេលណាមួយ ខ្ញុំបញ្ជាឱ្យដុតឡានក្រវ៉ាត់ចោលតែម្ដងកុំឱ្យវាពិបាកពេក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ