សម្ដេចក្រឡាហោម ស ខេង ៖ គ្រោះថ្នាក់ចរាចរណ៍មាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។ក្នុងកម្មវិធីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ បន្ដចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលវេលា រាល់ពេលធ្វើដំណើរ។
សម្ដេច មានប្រសាសន៍ថា «ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង ហើយជាក់ស្ដែងទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១ ក៏ដោយ ក៏ប៉ុន្ដែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករងរបួសមានអត្រាខ្ពស់ លើសគ្រោះសង្គមនានា ជាមធ្យោមក្នុងមួយថ្ងៃមានអ្នកស្លាប់ ៥នាក់ និងអ្នករបួសចំនួន ១១នាក់»។
សម្ដេច រៀបរាប់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀប ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ កើនចំនួន ១០៦លើក ស្មើនឹង១៤ភាគរយ គឺ ៨៦៩ លើ ៧៦៣លើក ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤ភាគរយ គឺ ៤៩៣ ស្មើនឹង ៤៣៣នាក់ និងចំនួនអ្នករងរបួស កើន ១៤៩នាក់ ស្មើនឹង ១៣ភាគរយ គឺ ១២៦២នាក់ លើ១១៣នាក់។
សម្ដេច បន្ដថា មូលហេតុឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជា បើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព បើកបរមិនគោរពសញ្ញាចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរមិនពាក់មួកសុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។ សម្ដេច ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងបន្ដទប់ស្កាត់គ្រោះថ្នាកចរាចរណ៍ តាមរយៈដាក់ចេញទិសដៅការងាររបស់ គណៈកម្មាធិការ នៅឆ្នាំ២០២២។
សូមបញ្ជាក់ថា ឆ្នាំ២០២១ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២ ៦៧០លើក បណ្តាលឱ្យស្លាប់សរុប ១ ៤៩៧នាក់ និងរបួស ៣ ៦១៥នាក់ ក្នុងនោះ របួសធ្ងន់ជាង ២ ២០០នាក់។ ធៀបទៅនឹងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន ៥០៩លើក ស្មើនឹង១៦%។ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍វិញគឺមានការថយចុះ៩% ស្មើនឹង១៤៩នាក់ ហើយរបួសថយចុះជាង១ ០០០នាក់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ