កម្ពុជា នឹងបំភ្លឺពីសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងលាងលុយកខ្វក់ ក្រោយពីអង្គ FATF ដាក់កម្ពុជាក្នុងបញ្ជីប្រផេះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆាប់ៗនេះ កម្ពុជា នឹងចូលរួមកិច្ចប្រជុំរបស់ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) នៅអូស្ដ្រាលី ដើម្បីធ្វើការបកស្រាយ និងបំភ្លឺពីសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងលាងលុយកខ្វក់ នៅកម្ពុជា។
សម្ដេច ស ខេង លើកឡើងបែបនេះក្រោយពីអង្គការ FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
ក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានឲ្យដឹងថា នាពេលកន្លងទៅ FATF ចាត់ទុកកម្ពុជា ជាពណ៌ប្រផេះ ទាក់ទងទៅការលាងសម្អាតលុយកខ្វក់ ហើយកម្ពុជា ក៏បានធ្វើរបាយការណ៍ឆ្លើយតបដែរ ប៉ុន្ដែមិនទាន់ដោះស្រាយនៅឡើយ។
សម្ដេច មានប្រសាសន៍ថា «ឆាប់ៗនេះ នឹងមានការប្រជុំរបស់អង្គការនេះ (អង្គការ FATF) នៅអូស្ដ្រាលី យើងត្រូវចូលរួម ប៉ុន្ដែតាមរបៀប តាមZOOM ឬក៏មួយទៅផ្ទាល់ ដែលចាំបាច់ត្រូវយើងបកស្រាយបំភ្លឺអំពីសកម្មភាពរបស់យើង ដែលបានធ្វើ ក្នុងការប្រយុទ្ធប្រឆាំងការលាងលុយ និងសម្អាតប្រាក់នេះ។ ដើម្បីឲ្យកម្ពុជា ទទួលបានឡើងវិញ ប្រទេសដែលគ្មានការសង្ស័យ លាងលុយ»។
សម្ដេច ស ខេង បានបញ្ជាក់ថា ធ្វើយ៉ាងណាឲ្យកម្ពុជាលុបចេញពណ៌ប្រផេះ មកធម្មតាឡើងវិញ ព្រោះថា បើកម្ពុជា ចេញ ពីប្រផេះ ទៅខ្មៅ កាន់តែស្មុកស្មានយ៉ាងខ្លាំង ដូច្នេះមិនត្រូវមើលស្រាលឡើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ