បន្ទាប់ពីកិច្ចប្រារព្ធធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាជ័យមង្គលដ៏ឧត្តុងឧត្តម នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២រួចមក ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវនឹងបិណ្ឌវេនទី១០ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃបានថ្វាយនូវគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងសមាទានសីល និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល និងសុំនូវសេចក្តីសុខ សេចក្តីចម្រើន។

ក្រោយពីធ្វើពិធីបង្សុកូលរួច សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការស៊ីវិល ក៏បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានមានសទ្ធាជ្រះថ្លានាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ប្រគេនដល់វត្តមុន្នីប្រសិទ្ធិវង្ស ដើម្បីទំនុកបំរុងដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងវត្តផងដែរ។

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំនានា ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាមនានាជារៀងរាល់ឆ្នាំ។ ស្របពេលជាមួយនិងប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួម រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ